ខេត្តបាត់ដំបង ៖ កាលពីថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដោយទទួលបានការសម្រប សម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបាត់ដំ បង ផងនោះ លោកវរសននីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានបានដឹក នាំបានដឹកនាំកម្លាំងក្នុងការិយាល័យនេះ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងចុះប្រតិបត្តិការលើករណី ទទួលផលចោរកម្មលើទីតាំង០២គោលដៅផ្សេងគ្នាក្នុងក្រុងបាត់ដំបង។ មន្ត្រីនគរបាលនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ៖ គោលដៅទី០១ ស្ថិតនៅចំណុចបន្ទប់ជួលក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយ បានធ្វើការនាំខ្លួនឈ្មោះ ហ៊ួរ សុងតុង ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរទាក់ ទងនឹងករណីទទួល ផលចោរកម្ម។ គោលដៅទី០២ ស្ថិតនៅភូមិអូរខ្ជាយ សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបាននាំខ្លួនឈ្មោះ សៀង រី ហៅ វី ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិប៉ាហ៊ីខាង ជើង សង្កាត់ប៉ាហ៊ី ក្រុងប៉ៃលិន មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរស្រាវជ្រាវ។ ប្រភពដដែលបានឲ្យដឹងថា ៖ ក្រោយពីធ្វើការស្រាវជ្រាវ សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូចម្រុះសរុបចំនួន ២៦ គ្រឿង ដោយនាំយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត។ ក្នុងចំណោម នោះ មានម៉ូតូមួយចំនួនជាប់ទាក់ទិនក្នុងករណីល្មើសច្បាប់ ដែលត្រូវបានរកឃើញនៅចំណុចទីតាំងខាងលើ ។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលនឹងរៀបចំសំណុំ រឿងបញ្ជូនករណីខាងលើនេះទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់។ សមត្ថកិច្ចនគរបាលក៍សូមជូនព័ត៌មានផងដែរក្នុងករណី ដែលមានជនរងគ្រោះស្គាល់ច្បាស់ថា ម៉ូតូរបស់ខ្លួនស្ថិតក្នុងចំណោមម៉ូតូដែលបានដកហូតមក នេះ ឬមានមូលហេតុផ្សេងៗទាក់ទងនឹងករណីខាងលេីសូមធ្វេីការទំនាក់ទំនងមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដោយផ្ទាល់ឬទំនាក់ទំនងតា មរយៈលេខទូរស័ព្ទនាយការិយាល័យនគរបា ល ព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន៖-092 935 544 ៕
កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៦និង០០នាទី មានឃាតកម្មមួយកើតឡើងនៅចំណុចក្នុងបន្ទប់ជួលលេខ ៥បេ ផ្លូវបេតុង ក្រុម៥ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កដោយជនល្មើសមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ខុម វ៉ានឌី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅកន្លែង កើតហេតុ ចំណែកជនល្មើសក្រោយពីធ្វើសកម្មភាពសម្លាប់រួចបានគេចខ្លួនបាត់។ ក្រោយពីមានហេតុការណ៍កើតឡើង និងមានការបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដឹកនាំចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុនីរ័ត្ន អនុប្រធាននាយកដ្ឋាន ចុះពិនិត្យដល់ទីតាំងកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវដោយទទួលបានលទ្ធផលដូចខាងក្រោម៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្នាននគរបាលខេត្តព្រះវិហារ បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលពាក់ ពន្ធ័ក្នុងករណីឃាតកម្មខាងលើឈ្មោះ ភូ សៀងឡាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ នៅចំណុចភូមិសែន រុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មកកាន់នាយកដ្ឋាននគបាលព្រហ្មទណ្ឌ។ ជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ខ្លួនពិតជាបានធ្វើសកម្មភាព សម្លាប់ទៅលើឈ្មោះ ខុម វ៉ាន់ឌី (ភេទទី៣) ពិតប្រាកដមែន ដោយសារតែជនរងគ្រោះមានទំនាក់ទំនងប្រុសផ្សេង ជាហេតុធ្វើឲ្យខ្លួនផ្ទុះការប្រច័ណ្ទ ហើយក៏យកខ្សែភ្លើងរិតកសម្លាប់។ ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយ ខ្លួនបានយកទូរសព្ទ័ និងម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ជិះគេចខ្លួនទៅស្រុកកំណើតនៅខេត្តកំពត រួចបន្តគេចទៅលាក់ខ្លួននៅខេត្តព្រះវិហារ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ សម្ភារៈដកហូត ទូរសព្ទ័ ០១ គ្រឿងម៉ាក របស់ជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក វ៉ា ថន ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៤ ជាអភិបាល នៃគណៈអភិបាលខេត្តក្រចេះ សម្រាប់អាណត្ដិទី២ ក្នុងដែលសមត្ថកិច្ចដដែល។ នេះបើយោងតាមព្រះរាជក្រឹត្យដែល Oneplay ទទួលបាននៅយប់ថ្ងៃទី២៧មេសា នេះ ។
ស្នងការនគរបាលរាជធានីភ្នំពេញបានចាត់ការបង្រ្កាបក្រុមក្មេងទំនើងបានចំនួន៣នាក់ ដែលចូលចិត្តបង្ហោះម៉ូតូនៅតាមទីសាធារណៈ នៅចំណុចមុខធនាគារកាណាឌីយ៉ា ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញឋ បង្កការភ័យខ្លាចមួយចំនួនដល់ប្រជាពលរដ្ឋ ។ ការបង្រ្កាបនេះ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០០:៥០នាទីរំលងអាធ្រាត្រ ដឹកនាំដោយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។ នគរបាលបានអោយដឹងថា ក្មេងទំនើងចំនួន០៣នាក់៖ ១- ឈ្មោះ វន វីរៈ ភេទ ប្រុស, ២-ឈ្មោះ សួន ណារ៉េត ភេទ ប្រុស, ៣- ឈ្មោះ គន្ធា ចាន់ថេណា ភេទ ប្រុស។ វត្ថុតាំងចាប់យក៖ ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ក្រោយពីសមត្ថកិច្ចបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងឲ្យអាណាព្យាបាលយកទៅអប់រំបន្ត បន្ទាប់សមត្ថកិច្ចអនុញ្ញាតឲ្យក្មេងទំនើងខាងលើ និងប្រគល់ម៉ូតូឲ្យវិញប្រលប់ទៅផ្ទះវិញ៕
ស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា ក្រុមការងារប្រតិកម្មរហ័សនៃស្នងការ បានចុះធ្វើការអប់រំ និងណែនាំដល់អាជីវករលក់ដូរ កុំឱ្យយកចិញ្ចើមថ្នល់នៅមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចត ឬលក់ដូរបន្តទៀតអោយសោះ ។ ចំណាត់ការរៀបចំសណ្ដាប់ធ្នាប់នេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នេះ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក្រោមការបញ្ជារបស់លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង ៕
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបដិសេធ និងបំភ្លឺជូនសាធារណជនថា -ថ្មីៗនេះ មានអ្នកសារព័ត៌មានមួយចំនួន បានយករូបភាពសកម្មភាពល្មើសចាស់ៗដែលត្រូវបានសមត្ថកិច្ចបង្ក្រាបរួចហើយ (រូបភាពល្បែងស៊ីសង ប្រជល់មាន់ បៀ អាប៉ោង..) មកឆ្នៃប្រឌិតអមជាមួយអត្ថបទព័ត៌មានខ្វះការស៊ើបបញ្ជាក់ជាមូលដ្ឋានព័ត៌មាន យកទៅចុះផ្សព្វផ្សាយ បង្កឲ្យមហាជនមានការភាន់ច្រឡំអំពីស្ថានការណ៍សន្តិសុខសង្គមនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ពិសេសនៅស្រុកជើងព្រៃ និងស្រុកស្ទឹងត្រង់។ -ដោយការយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តជំនាញ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម តែងតែ បានចាត់បញ្ជាឲ្យកម្លាំងជំនាញពាក់ព័ន្ធ សហការ ជាកម្លាំងជំនាញនិងអាជ្ញធរមូលដ្ឋាន ចុះស្រាវជ្រាវ និងបង្រ្កាបបានជាច្រេីនករណី ឆ្លើយតបប្រភពរាយការណ៍នានា។ ជាក់ស្តែងនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញបានចុះស្រាវជ្រាវដល់ទីតាំង នៅចន្លោះបង្គោលគីឡូលេខ៧៨ និងបង្គោលគីឡូលេខ៨០ នៅចំណុចតំបន់ព្រៃកប់ខ្លោច ខាងក្រោយភូមិចម្ងាយប្រហែល២០០០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ពុំមាន សកម្មភាពលេងល្បែងជល់មាន់ និងអាប៉ោង ដូចការចុះផ្សាយនោះទេ និងពុំមានបន្សល់ទុកនូវស្លាកស្នាម ឬសម្ភារៈអ្វីនោះដែរ ចំពោះ ទីតាំងនេះ គឺជាទីតាំងចាស់ធ្លាប់ត្រូវបានបង្ក្រាបដោយសមត្ថកិច្ចនាពេលកន្លងមករួចហេីយដែរ ។ -រូភាពដែលក្រុមការងារយើងខ្ញុំភ្ជាប់ជូនខាងក្រោម សុទ្ធសឹងជារូបភាពបទល្មើសចាស់ ៗដែលក្រុមការងារ ប្រតិកម្មរហ័ស យេីងខ្ញុំ ធ្លាប់ បានបកស្រាយបំភ្លឺរួចមកហេីយ និងក៏មានរូបភាពខ្លះទៀត អ្នកសារព័ត៌មាន មានចេតនាផលិតជាមាតិការព័ត៌មានក្លែងក្លាយ ដេីម្បី បំបំពុលបរិយាកាសសង្គម។ -ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មានមួយចំនួន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាចៀសវាងយករូបភាពសកម្មភាពល្មើសចាស់ៗដែលត្រូវបានសមត្ថកិច្ចបង្ក្រាបរួចមកហើយនោះ មកច្នៃប្រឌិតបង្កើតជារូបភាពថ្មី និងផលិតជាព័ត៌មានមិនពិត បង្កការលំបាកដល់ការអនុវត្តជំនាញ និងអាចនាំឲ្យមហាជនមានការភាន់ច្រឡំចំពោះស្ថានការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅមូលដ្ឋាន ជាពិសេស បង្កឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាល និងអង្គភាពអនុវត្តច្បាប់ និងស្នេីសុំចូលរួមសហការ ផ្ដល់ព័ត៌មាន ឬចង្អុលមុខសញ្ញាសង្ស័យ ឬសហការចុះផ្ទាល់ជាមួយកម្លាំងជំនាញនៅគ្រប់គោលដៅដែលសង្ស័យ ដើម្បីទទួលបានព័ត៌មានពិតប្រាកដ។
ក្រុមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការងារលើផ្នែកបរិស្ថាន និងសិទ្ធិមនុស្ស បានប្រមូលផ្ដុំគ្នា ដាក់លិខិតចំហរជូនទៅកាន់ក្រសួងយុត្តិធម៌ ក្នុងខួប១០ឆ្នាំនៃការស្លាប់បាត់បង់ជីវិតរបស់លោកឈុត វុទ្ធី សកម្មជនការពារព្រៃឈើ ។ នៅក្នុងលិខិតចំហរនោះ ពួកគេបានស្នើសុំដល់រាជរដ្ឋាភិបាលជារួម និងដោយឡែកជំរុញឱ្យក្រសួងពាក់ព័ន្ធរួមមាន ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងអាជ្ញាធរខេត្តកោះកុង ធ្វើការស៊ើបអង្កេតដែលគួរឱ្យជឿជាក់ និងហ្មត់ចត់ ដើម្បីយកអ្នកដែលពាក់ព័ន្ធទាំងអស់មកទទួលខុសត្រូវចំពោះការបាញ់សម្លាប់លោក ឈុត វុទ្ធី ។ លិខិតចំហរនេះ ធ្វើឡើងនារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ នេះ ក្នុងខួប១០ឆ្នាំនៃការស្លាប់បាត់បង់ជីវិតរបស់លោកឈុត វុទ្ធី ៕
កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការកោះហៅគណនីហ្វេសប៊ុក មានឈ្មោះ ប៉ុល សំនិត ភេទប្រុស ២៦ឆ្នាំ ជនជាតិខ្មែរ ដែលបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Nith New និង Nith Official បានបង្ហោះសារថា ប៉ូលីសអធិការខ័ណ្ឌឫស្សីកែវធ្វើស៊ីលុយ និងដាក់ថ្នាំចាប់រំលោភប្រពន្ធខ្លួន ហើយយកប្រពន្ធខ្លួនទៅលក់នៅក្រៅ ។ តាមរយៈរបាយការណ៍ និងស្រង់មកផ្សាយដោយវេបសាយនគរបាលជាតិបានអោយដឹងថា ក្រោយការស្រាវជ្រាវ និងកោះហៅមកស្រាយបំភ្លឺ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Nith New និង Nith Official បានសារភាពថា រូបខ្លួនពិតជាបានបង្ហោះសារមានខ្លឹមសារខាងលើជាព័ត៌មានមិនពិត និងដោយមូលហេតុរូបខ្លួនជាអ្នកប្រើប្រាស់គ្រឿងញៀន និងខឹងជាមួយប្រពន្ធដែលរត់ចោលជាច្រើនខែ។ វេបសាយខាងលើបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចបានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដោយផ្តិតមេដៃរួចមក កម្លាំងជំនាញបានតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលវិជ្ជមានមានសារធាតុញៀន សមត្ថកិច្ចក៏សម្រេចបញ្ជូនបុគ្គលរូបនេះទៅស្តានីតិសម្បទារនៅមណ្ឌលកែប្រែ ៕
កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់(ជល់មាន់) កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទី ស្ថិតនៅភូមិកោះស្នូក ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។តាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់រួមមាន ៖១.ឈ្មោះងយ ង៉ែត អាយុ៣៤ឆ្នាំ២.ឈ្មោះ មាស សារ៉ន អាយុ៥៤ឆ្នាំ៣.ឈ្មោះ គង់ សុខ ភេទប្រុស អាយុ៦៤ឆ្នាំ៤.ឈ្មោះ ឡុង គីស ភេទ អាយុ៥៣ឆ្នាំ ទាំង៤នាក់ នៅភូមិកោះស្នូក ឃុំឬស្សីស្រុកខ/ក ស្រុកកំពង់ត្រាច ខេត្តកំពត ។ដកហូតវត្ថុតាងរួមមាន ៖ ជញ្ជីងថ្លឹងមាន់ចំនួន១ ស្កុតរុំខ្នាយមាន់មួយចំនួន ។បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ និងវត្ថុតាង បានកសាងសំណុំរឿងចាត់ការតាមច្បាប់៕
ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាតាមរយៈសម្ដេច ហ៊ុន សែន បានលុបចោលចំពោះកតព្វកិច្ចដែលតម្រូវអោយប្រជាពលរដ្ឋកម្ពុជាពាក់ម៉ាស់នៅតាមទីសាធារណៈ ការសម្រេចនេះ ក្រោមហេតុផលថា ដើម្បីកាត់បន្ថយនូវរាល់ចំណាយដែលរដ្ឋាភិបាលបានចាយលើម៉ាស់កន្លងមក ។ តាមរយៈសារសម្លេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារិ៍ ទី២៦ ខែមេសា នេះ បានអោយដឹងថា ចាប់ពីម៉ោងនេះតទៅ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ អាចសម្រេចចចិត្តដោយខ្លួនឯងបានចំពោះការពាក់ម៉ាស់នេះ ។ បើតាមសម្ដេច ហ៊ុន សែន ទោះបីជារដ្ឋាភិបាលសម្រេចលុបចោលកតព្វកិច្ចពាក់ម៉ាស់នេះក៏ពិតមែន ប៉ុន្តែនៅតែលើកទឺកចិត្តអោយពលរដ្ឋពាក់ម៉ាស់ដោយខ្លួនឯងចំពោះទីតាំងសំខាន់ៗមួយចំនួន ដែលមានមនុស្សច្រើន ៕
ផ្ទះលេខ27C ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់អូរបែកក្អម
(+855) 10 525 798
sale.oneplay@gmail.com